
តំបន់ផ្លូវ60ម៉ែត្រ នឹងប្រមូលផ្ដុំដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម
រាជធានីភ្នំពេញ ៖ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបលំដាប់អន្តរជាតិចំនួន៣ហើយដែលកំពុងសាងសង់ និងគ្រោងសាងសង់នៅតំបន់ផ្លូវ៦០ម៉ែត្រ ។ ក្រៅពីនេះ ក៏មានគម្រោងខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិមួយចំនួនទៀត ក៏កំពុងមានវត្តមាននៅតំបន់នេះដែរ ធ្វើអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា តំបន់នេះនឹងប្រមូលផ្ដុំដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាទីកន្លែងដ៏ពេញនិយមសម្រាប់មហាជនក្នុងការដើរកម្សាន្ដ និងទិញទំនិញនៅក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខ ។
បច្ចុប្បន្ននេះ ផ្សារទំនើបក្នុងគម្រោងបុរីប៉េង ហួត មានទំហំផ្ទៃដីជាង៦ហិកតា កំពុងសាងសង់ ជាបណ្ដើរៗ ហើយផ្សារមួយទៀតនៅក្បែរនោះ គឺគម្រោងផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង ក៏កំពុងសាងសងដែរ ។ ចំណែកគម្រោងផ្សារទំនើបលំដាប់អន្តរជាតិ EAON MALL3 វិញ ក៏កំពុងសិក្សា និងគ្រោងសាងសង់នៅតំបន់នេះនាពេលខាងមុខផងដែរ ។ ក្រៅពីគម្រោងផ្សារទំនើបលំដាប់អន្តរជាតិទាំងនេះ តំបន់ផ្លូវ៦០ម៉ែត្រ ក៏មានគម្រោងខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងទៀតដែរដូចជា គម្រោងរបស់ក្រុមហ៊ុន អ&អេហ្វ ប្រផឹធី ជាដើម ។
គម្រោងអភិវឌ្ឍន៍នៅតំបន់នេះ ក៏ស្របទៅនឹងផែនការ និងទស្សនវិស័យរបស់សាលារាជធានីភ្នំពេញ រួមជាមួយសាលាក្រុងប៉ារីសដើម្បីសិក្សារួមគ្នាពីការអភិវឌ្ឍ ធ្វើយ៉ាងណាឲ្យតំបន់នេះសមស្របជាតំបន់ដែលមានភាពបៃតង និងត្រៀមរៀបចំនគរូបនីយកម្មឲ្យមានភាពល្អប្រសើរ ដើម្បីឆ្លើយតបនឹងកំណើនប្រជាសាស្ត្រនៅតំបន់ដែលទើបអភិវឌ្ឍន៍ថ្មីថ្មោងនេះផងដែរ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា តំបន់នេះពិតជាមានការរីកចម្រើនលឿន រួមទាំងតម្លៃដីធ្លីបានហក់ឡើងខ្ពស់លឿនផងដែរ ប៉ុន្តែតំបន់នេះត្រូវការពេលវេលាប្រមាណ៥ទៅ១០ឆ្នាំទៀត ដើម្បីឲ្យក្រុមហ៊ុននានាអភិវឌ្ឍន៍លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា មុនពេលតំបន់នេះនឹងប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនាពេលអនាគត ។
អ្នកនាង អាន សុធីតា បន្ដថា តំបន់នេះជាទីក្រុងថ្មី និងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលងាយស្រួលក្នុងការរៀបចំការអភិវឌ្ឍជាងទីក្រុងចាស់ ពិសេសមានចម្ងាយជិតជាងគេចេញពីកណ្តាលក្រុង បើធៀបនឹងទីក្រុងរណបដទៃទៀត ។
អ្នកនាងបញ្ជាក់ថា ៖« តម្លៃដីនៅតំបន់នេះបានកើនឡើងយ៉ាងខ្លាំង ។ បើគិតពីតំបន់ក្បាលថ្នល់ ដីនៅស្របតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទៅមុខចម្ងាយ៣គីឡូម៉ែត្រមាន តម្លៃចន្លោះ១.០០០ទៅ១.៣០០ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយបើគិតពីគីឡូម៉ែត្រទី៣ ទៅគីឡូម៉ែត្រទី៦ ដីមានតម្លៃប្រមាណ៨០០ដុល្លារ និងគិតពីគីឡូម៉ែត្រទី៦ដល់គីឡូម៉ែត្រទី៩ តម្លៃដីនៅតាមបណ្តោយផ្លូវនេះមានតម្លៃចន្លោះ៣៥០ទៅ៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ »។
អ្នកនាងបន្ថែមថា ៖« តំបន់នេះកំពុងមានការរីកចម្រើន ដោយរយៈពេល៥ឆ្នាំខាងមុខវានឹងជាតំបន់លំនៅឋាន ហើយរយៈពេល១០ឆ្នាំទៀត ខ្ញុំគិតថាតំបន់នេះនឹងប្រែក្លាយជាតំបន់ពាណិជ្ជកម្ម »។
អ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាអគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment លោក វ៉ា វីរៈ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ន គម្រោងវិនិយោគជាច្រើនបានចាប់ផ្តើមនៅតំបន់នេះរួចហើយ ដោយសារតំបន់នេះកំពុងមានសក្តានុពល និងមានប្លង់មេអភិវឌ្ឍន៍ត្រឹមត្រូវ មានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងធំជាងគេនៅក្រុងភ្នំពេញ។
លោកបន្តថា ការមានប្លង់មេអភិវឌ្ឍន៍ ពិតជាមានសារសំខាន់ណាស់ ដើម្បីធ្វើឲ្យតំបន់នោះ មានការអភិវឌ្ឍន៍ប្រកបដោយភាពរៀបរយ និងទាក់ទាញអ្នកវិនិយោគអន្តរជាតិនានា ។ លោកបន្តថា ៖« ខ្ញុំគិតថាតំបន់នេះស័ក្តិសមជាតំបន់ពាណិជ្ជកម្មនាពេលអនាគត ព្រោះទីតាំងនេះល្អប្រសើរ និងស័ក្តិសមជាទីក្រុងថ្មីមួយដែលមានវិសាលភាពធំ និងមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងល្អប្រសើរ »។
យោងតាមផែនការមេរបស់ក្រុមហ៊ុនING Holdingបានឲ្យដឹងថា ទីក្រុងរណបING CITYគ្របដណ្តប់លើផ្ទៃដីជាង២០០០ហិកតា ដែលមានវិសាលភាពដ៏ធំមួយ និងជាទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ។ តាមគម្រោងក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះជាតំបន់មានការអភិវឌ្ឍបែបបៃតង និងគោរពតាមគោលការណ៍បរិស្ថាន ។
តាមឯកសារដដែលបានឲ្យដឹងថា ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះជាមជ្ឈមណ្ឌលលំនៅឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងចំណតយានយន្ត ជាសហគមន៍សម្រាប់និវត្តន៍ជនជាតិចិន មជ្ឈមណ្ឌលកីឡាជាដើម ។
អតីតវីរស្ថាត្យករកម្ពុជា លោកបណ្ឌិត វណ្ណ ម៉ូលីវណ្ណ ធ្លាប់បានផ្តល់អនុសាសន៍ឲ្យអភិវឌ្ឍន៍រាជធានីភ្នំពេញឆ្ពោះទៅកាន់ភាគខាងត្បូងផងដែរ ដោយសារតែតំបន់ភាគខាងត្បូងមានដីទំនេរច្រើន មានសណ្ឋានដីខ្ពស់មិនប្រឈមនឹងការលិចទឹក និងងាយស្រួលរៀបចំហេដ្ឋារចនាសម័ន្ធនានា ដោយសារជាតំបន់មានការអភិវឌ្ឍថ្មី ។ ដូច្នេះការអភិវឌ្ឍតំបន់នេះ ក៏សមស្របនឹងការលើកឡើងរបស់អតីតវីរស្ថាបត្យករកម្ពុជាដ៏ឆ្នើមរបស់កម្ពុជាដែរ ៕
Recent Article
